ជនសង្ស័យ​​ជាតិ​ឥណ្ឌូណេស៊ី​​៣នាក់ ​​ចាក់​កង់​រថយន្ត​​​ប្លន់ប្រាក់​​អ្នក​ចេញ​​ពីធនា​គារ​​ត្រូវចាប់ខ្លួន

រាជ​ធានី​ភ្នំពេញ ៖ នារសៀល​ថ្ងៃ​ទី​២១ មីនា ​នគរ​បាល​ស្នង​ការ​​ដ្ឋាន​រាជ​ធានី​ភ្នំពេញ ​បាន​ស្រាវ​ជ្រាវ​

និង​ឃាត់​ខ្លួន​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​៣​នាក់​នៅ​ផ្ទះ​សំណាក់​ហ្គ្រីន ក្នុង​បន្ទប់​លេខ
​២០២ តាម​បណ្តោយ​ផ្លូវ​លេខ​១២៥ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ដោយ​សារ​សង្ស័យ​ជា​ក្រុម​ចាក់​កង់​​រថយន្ត​ប្លន់​ប្រាក់​ដែល​ប្រជា​ពល​រដ្ឋ​បើក​ប្រាក់​ចេញ​ពី​ធនា​គារ​កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ។ កិច្ច​ប្រតិ​បត្តិ​ការ​ឃាត់​ខ្លួន​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​៣​នាក់​នេះ​ ដឹក​នាំ​​ដោយ​លោក​វរសេនីយ៍ឯក ប៉ុល ភិធេយ្យ ស្នង​ការ​រង​ទទួល​បន្ទុក​ការ​ងារ​ព្រហ្ម​ទណ្ឌ និង​លោក​វរសេនីយ៍ទោ សុង លី​ ប្រធាន​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ និង​មាន​ការ​សហ​ការ​ជា​មួយ​កម្លាំង​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ នគរ​បាល​និង​អាជ្ញា​ធរ​មូល​ដ្ឋាន ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​ក្រឡា​បញ្ជី​របស់​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​​ទាំង​៣​នាក់​​នេះ​មាន ១-​ឈ្មោះ DAINAVIL SAPUTRA, ២-​ឈ្មោះ RAHMAHALI និង​៣-​ឈ្មោះ IBRAHIM។ ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​ សមត្ថ​កិច្ច​មិន​ទាន់​បាន​ទម្លាយ​សាច់​រឿង​ឱ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា មាន​ប្រភព​អះ​អាង​ថា ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​៣​នាក់​​នេះ​ត្រូវ​សមត្ថ​កិច្ច​តាម​ប្រមាញ់​អស់​រយៈ​ពេល​ជាង​​មួយ​សប្តាហ៍​​មក​ហើយ ដោយ​សង្ស័យ​ពួក​គេ​ពាក់​ព័ន្ធ​នឹង​អំពើ​ប្លន់​ប្រាក់​កន្លង​មក។

 
ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២១ មីនា ​នោះ​ មាន​ពាណិជ្ជ​ករ​ម្នាក់​បើក​ប្រាក់​ចេញ​ពី​ធនា​គារ​​មួយ​នៅ​ម្តុំ​អូឡាពិក ដាក់​រថយន្ត​ដឹក​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ​លុះ​ទៅ​ដល់​ពោធិ​ចិន​តុង ស្រាប់តែ​បែក​កង់​រថយន្ត​។ ពេល​នោះ​​សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ក៏​បាន​​តាម​ប្រមាញ់​​ជន​សង្ស័យ​​​ជាប់​រហូត​ដែរ​ ប៉ុន្តែ​​ពួក​គេ​បាន​គេច​ខ្លួន​​បាត់​យ៉ាង​រហ័ស​បំផុត សូម្បី​​​ធ្វើ​សកម្ម​ភាព​ប្លន់​យក​ប្រាក់​ពី​ពាណិជ្ជ​ករ​នោះ​ក៏​មិន​បាន​ដែរ ​ព្រោះ​ពួក​គេ​ហាក់​បី​ដូច​ជា ដឹង​ខ្លួន ។ ដោយ​សារ​ការ​តាម​ប្រមាញ់​របស់​សមត្ថ​កិច្ច​​​ក៏​បាន​ឃើញ​ជន​ឥណ្ឌូ​ណេ​ស៊ី ​ទាំង​៣​នាក់ ​ដែល​ស្នាក់​នៅ​សណ្ឋា​ការ​ហ្គ្រីន​នោះ។ លុះ​ បន្ទាប់​​ពី​ដឹង​ថា ពួក​គេ​​ទៅ​ស្នាក់​នៅ​​ផ្ទះ​សំណាក់​ហ្គ្រីន​ហើយ ទើប​សមត្ថ​កិច្ច​នគរ​បាល​រាជ​ធានី​ភ្នំពេញ បង្កើត​​គណៈ​កម្ម​ការ​មួយ​រួម​មាន​អាជ្ញា​ធរ​ និង​តំណាង​អយ្យ​ការ​ចូល​ឆែក​ឆេរ​​ឃាត់​ខ្លួន​ពួក​គេ​ទាំង​៣​នាក់​នាំ​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​​រាជធានីភ្នំពេញ ដើម្បី​ធ្វើការ​សាក​សួរ ។

គួរ​រំលឹកថា ​កាល​ពី​អំឡុង​​ខែ​​តុលា ឆ្នាំ​២០០៧ មាន​កើត​ករណី​ចាក់​កង់​រថយន្ត​ប្លន់​​យក​ប្រាក់​ដែល​អាជីវ​ករ​បើក​ចេញ​ពី​ធនា​គារ​ ហើយ​អំពើ​ប្លន់​ពេល​នោះ​ជន​​ល្មើស​​​គឺ​ជា​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី១​ក្រុម​មាន​​គ្នា​ជិត​១០​នាក់ និង​មាន​ខ្មែរ​​អ៊ិស្លាម​​​​ម្នាក់ ។ ​ពួក​គេត្រូវ​អស់​លក្ខណ៍​នៅ​ពេល​ចាក់​​កង់​រថយន្ត​ប្លន់​ប្រពន្ធ​​មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​មួយ​រូប​ត្រង់​ចំណុច​ពេទ្យ​ចិន យក​បាន​ប្រាក់​៥.៥១៣ដុល្លារ​​ ​បើក​ចេញ​ពី​ធនា​គារ​ដែល​ពេល​នោះ​ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ប្តី​មក​ទាន់ ។ ករណី​នោះ​ នគរ​បាល​បង្ក្រាប​ចាប់​ខ្លួន​ជន​​ជាតិ​​ឥណ្ឌូ​ណេ​ស៊ី ៥​នាក់ និង​ខ្មែរ​អ៊ិស្លាម​​ម្នាក់​ រឹប​អូស​បាន​ដែក​គោល​ច្នៃ​សម្រាប់​​ចាក់​កង់​​រថយន្ត​មួយ​​ចំនួន ហើយ​ពួក​គេត្រូវ​បាន​​តុលា​ការ​​កម្ពុជា​ផ្តន្ទា​ទោស​​រួច​អស់​ហើយ ។​ យោង​តាម​​​ចម្លើយ​ជន​ដែល​ត្រូវចោទ​​បាន​សារ​ភាព​ថា នៅ​សេស​សល់​បក្ស​ពួក​មួយ​ចំនួន​ទៀត ហើយ​ក៏​សុទ្ធ​តែ​ជា​មេខ្លោង​ផង​ដែរ។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ជា​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​ទាំង​៣​នាក់​​នេះ​​បាន​ចូល​មក​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​មិន​ទាន់​បាន​កន្លះ​ខែ​ផង ដែល​ក្នុង​​រយៈ​ពេល​ដ៏​​ខ្លី​នេះ​ពួក​​មាន​​គម្រោង​ធ្វើ​សកម្ម​ភាព​​ប្លន់​ ដោយ​ជិះ​ម៉ូតូ​តាម​ចាក់​កង់​រថយន្ត​ប្លន់​ប្រាក់ ពេល​បើក​ចេញ​ពី​ធនា​គារ​ទៀត។ សូម​បញ្ជាក់​ថា ករណី​ចាក់​កង់​រថយន្ត​ប្លន់​យក​ប្រាក់​ពី​ធនា​គារ​នេះ​ មិន​មែន​ទើប​តែ​កើត​មាន​ជា​លើក​ទី​១​នោះ​ទេ ព្រោះ​កាល​ពី​ឆ្នាំ​២០០៧ ក៏​ធ្លាប់​កើត​មាន​ករណី​ចាក់​កង់​រថយន្ត​ប្លន់​យក​ប្រាក់​ពេល​បើក​ចេញ​ពី​ធនា​គារ​ដូច​គ្នា​នេះ​ដែរ៕

No comments: